អបអរសាទរ ទិវាសុខភាពពិភពលោក ៧ មេសា ឆ្នាំ២០១៩

មនុស្សចាស់ជាង២ពាន់នាក់ អំពាវនាវសុំអោយមានការចុះពិនិត្យសុខភាព និងថែទាំសុខភាពដោយឥតគិតថ្លៃ!!!

សមាគម និងសហព័ន្ធមនុស្សចាស់ក្នុងខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ បានប្រមូលផ្តុំមនុស្សចាស់ សហគមន៍ និងសមាជិករបស់ខ្លួនប្រមាណ ២២៨០នាក់ ដើម្បីប្រារព្ធនូវ ទិវាសុខភាពពិភពលោក ក្នុងគោលបំណងស្វែងរកការគិតគូរ និងគាំទ្របន្ថែមទៅលើផ្នែកសុខភាព ជាពិសេសសម្រាប់ពួកគាត់ដែលជាមនុស្សចាស់។

ទិវាសុខភាពពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី០៧ ខែមេសា ដោយផ្តោតសំខាន់ទៅលើការបង្កើនការយកចិត្តទុកដាក់ និងលើកកម្ពស់ការថែទាំសុខភាពជាសកល។ សម្រាប់ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៧០ហើយ នៃការប្រារព្ធទិវាសុខភាពពិភពលោក បើគិតចាប់ពីឆ្នាំ១៩៥០ បន្ទាប់ពីសេចក្តីសម្រេចនៃអង្គសន្និបាតសុខភាពពិភពលោកលើកទី១ ឆ្នាំ១៩៤៨។ សុខភាពគឺពិតជាមានសារៈសំខាន់ និងចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប គ្រប់វ័យ ត្រូវគិតគូរ និងយកចិត្តទុកដាក់។

ក្នុងឱកាសនៃទិវាឆ្នាំនេះ មនុស្សចាស់នៅតាមតំបន់និមួយៗបានលើកឡើងអំពីតម្រូវការអាទិភាពចំនួន២ ដែលរួមមាន៖

​​      ១. ស្នើសុំអោយមានការចុះអប់រំ ផ្សព្វផ្សាយ និងពិនិត្យសុខភាពបឋមដល់មនុស្សចាស់នៅតាមសហគមន៍ដោយមិនគិតថ្លៃសម្រាប់មនុស្សចាស់ទូទៅ។

​      ២. ស្នើសុំអោយអាជ្ញាធរឃុំជួយគាំទ្រ និងផ្តល់ថវិកឃុំបន្ថែម ដើម្បីជួយគាំទ្រដល់សមាគមមនុស្សចាស់ក្នុងការធ្វើកិច្ចការងារឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សចាស់នៅតាមមូលដ្ឋាន។

ទន្ទឹមនឹងការចូលរួមចំណែកយ៉ាងសកម្មរបស់មនុស្ស​ចាស់ក្នុងការជួយរក្សានូវទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ ពួកគាត់ក៏កំពុងប្រឈមមុខទៅនឹងបញ្ហាជាច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហាសុខភាព និងសេដ្ឋកិច្ច ដែលជាបញ្ហាចម្បង និងកើតមានច្រើនចំពោះមនុស្សចាស់ដែលរស់នៅតាមទីជនបទ និងតំបន់ដាច់ស្រយាល។ តាមរបាយការណ៍ស្រាវជ្រាវអំពីសុខភាព និងស្ថានភាពប្រជាសាស្ត្រនៅកម្ពុជា (CDHS 2014) បានអោយដឹងថា មនុស្សចាស់ដែលមានអាយុ៦០ឆ្នាំឡើងទៅ គឺជាក្រុមមនុស្សដែលមានអត្រាប្រឈមខ្ពស់ទៅនឹងជម្ងឺ និងងាយទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលមានអត្រាភារយប្រមាណ (២៤.៥%) ដែលក្នុងនោះ (៨០%) នៃមនុស្សចាស់ដែលរស់នៅតាមជនបទបានរាយការណ៍អំពីការប្រឈមទៅនឹងជម្ងឺ និងងាយទទួលគ្រោះថ្នាក់ទាំងនោះ។ ដើម្បីស្វែងរកការគាំទ្រសម្រាប់មនុស្សចាស់ និងភ្ជាប់មួយពិធីស្រង់ទឹកជូនមនុស្សចាស់ដើម្បីបង្ហាញពីការគោរព និងដឹងគុណចំពោះមនុស្សចាស់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលខិតជិតចូលមកដល់។ 

មនុស្សចាស់ត្រូវបានគេមើលឃើញថាជាក្រុមមនុស្សដែលមានវ័យងាយប្រឈមទៅនឹងបញ្ហាសុខភាពជាច្រើន និងងាយរងគ្រោះពីជម្ងឺដង្កាត់នានាដែលអាចប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ជារៀងរាល់ឆ្នាំ អង្គកាមនុស្សចាស់កម្ពុជា បានផ្តល់កិច្ចសហការណ៍ និងជួយគាំទ្រសមាគម និងសហព័ន្ធមនុស្សចាស់ក្នុងខេត្តទាំង៣ ក្នុងការរៀបចំប្រារព្ធនូវកម្មវិធីនេះ។

គូសបញ្ជាក់ថា បច្ចុប្បន្នមនុស្សចាស់នៅកម្ពុជាមានប្រមាណ ១.៣លាននាក់ ដែលស្មើនឹង ៨.៤% នៃប្រជាជនសរុប ហើយចំនួននេះត្រូវបានព្យាករណ៍ថាអាចកើនដល់ទ្វេដងនៅឆ្នាំ២០៣០ នឹងអាចឈានទៅដល់ជាង ៤លាននាក់ នៅឆ្នាំ២០៥០ ដែលកំណើននេះ អាចមានឥទ្ធិពលទៅដល់ដំណើរការអភិវឌ្ឍស្ទើរគ្រប់វិស័យ។