HelpAge Cambodia

ការតស៊ូជំនះឧបសគ្គក្នុងវ័យចំណាស់

An 81 years old, Ms. Kry Nai

ស្ថិតក្នុងវ័យ៨១ឆ្នាំ​ ស្ត្រីវ័យចំណាស់ម្នាក់ដែលមានមុខរបរជាអ្នកលក់នំតាមកង់បានប្រាប់អោយដឹងថា គាត់បានប្រកបមុខរបរនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។​ នេះគឺជាមុខរបរតែមួយគត់ ដែលជួយផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់បាន។​ គាត់បាននិយាយថា ក្នុងមួយថ្ងៃ ខ្ញុំលក់នំបានប្រាក់ចំណេញប្រហែលពី ៥ពាន់រៀល ទៅ៦ពាន់រៀលតែប៉ុណ្ណោះ ប៉ុន្តែជួនពេលខ្លះក៏តិចជានេះ បើសិនជាពុំសូវមានអ្នកទិញ។ ស្ត្រីវ័យចំណាស់ម្នាក់នេះបានលើកឡើងថា គាត់មិនចង់រស់ដោយពឹងផ្អែកទៅលើកូនចិញ្ចឹមរបស់គាត់ទេ ពីព្រោះពួកគេក៏មានជីវភាពលំបាកមិនខុសគ្នាដែរ។ គាត់ចង់ចិញ្ចឹមជីវិតខ្លួនឯងដោយកម្លាំងញើសឈាមរបស់គាត់ បើទោះបីជាកូនចិញ្ចឹមរបស់គាត់មិនចង់អោយគាត់លំបាក និងបន្តប្រកបមុខរបរនេះទៀតក៏ដោយ។ គាត់បានលើកឡើងថា មុខរបរលក់នំនេះ អាចជួយអោយខ្ញុំចិញ្ចឹមខ្លួនឯងបាន ដោយមិនបាច់ពឹងពាក់ទៅលើកូនៗ។ គាត់បានបន្តទៀតថា គាត់មិនចង់ក្លាយជាបន្ទុករបស់កូនៗទេ  ហើយក៏មិនចង់អោយកូនលំបាកដោយសារគាត់ដែរ។

លោកយាយ គ្រី ណៃ​ ​បច្ចុប្បន្នអាយុ​៨១​ មានស្រុកកំណើតជាអ្នកមកពីភូមិ​ព្រៃតូច​ ឃុំព្រៃតូច ស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ លោកយាយមានបងប្អូនចំនួនប្រាំនាក់​​ ស្រីមួយម្នាក់ ហើយបងប្អូនប្រុសបួននាក់ ប៉ុន្តែជាអកុសលបងប្អូនគាត់ទាំងអស់បានបាត់បង់ជីវិតនៅក្នុង​របបខ្មែរក្រហម។ ជាមួយគ្នានោះ ស្វាមី និង​ កូនប្រុសរបស់គាត់ម្នាក់ក៏បានបាត់បង់ជីវិត​នៅក្នុងរបបខ្មែរក្រហមនេះដែរ ហើយចំណែកកូនប្រុសគាត់ម្នាក់ទៀតរបស់គាត់បាត់ដំណឹងមិនដឹងរស់នៅទីណានោះទេ ក្រោយពីរបបខ្មែរក្រហម។  លោកយាយបានមករស់នៅក្នុងខេត្តបាត់ដំបង​ចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ ក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំ។​ សព្វថ្ងៃលោកយាយកំពុងស្នាក់នៅជាមួយលោក លី សេង ដែលត្រូវជាកូនចិញ្ចឹមរបស់គាត់ ដែលមានទីលំនៅក្នុងភូមិវាលបែកចាន ឃុំព្រែកព្រះស្តេច ស្រុកនិង​ ខេត្ត​បាត់ដំបង​។